Breaking News

តោះស្រីៗ មកដឹងពីវិធីដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ក្នុង​អំឡុង​ពេល​មក​រដូវ…

ការ​យល់​ដឹង​ពីការ​មក​រដូវ​ ​មាន​សារសំខាន់​ណាស់​សម្រាប់​នារី​ៗ​គ្រប់​រូប ព្រោះ​ពេល​ខ្លះ​បើ​អ្នក​មិន​បាន​ដឹង វា​អាច​ផ្ដល់​ផល​មិន​ល្អ​ដល់​សុខភាព​អ្នក ក៏​ដូច​ជា​អារម្មណ៍​មិន​ល្អ​ផង​ដែរ។​ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​អ្នក​ត្រូវ​ដឹង​​អំឡុង​ពេល​មក​រដូវ៖

១. អ្នក​គួរ​ជៀស​វាង​អាហារ​មួយ​ចំនួន​​

​ក្នុង​អំឡុង​ពេល​មក​រដូវ​ អ្នក​គួរ​ជៀស​វាង​ ញាំ​នំ​ ឬ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ដូច​ជា​សូកូឡា​ ឬ​កាហ្វេ ព្រម​ទាំង​អាហារ​កំប៉ុង អាហារ​បំពង​ដែល​ប្រើ​ប្រេង​ច្រើន​ និង​ជៀសវាង​អាហារ​ផ្អែម ឬ​ប្រៃ​ខ្លាំង។​

​២. កុំ​មើល​រឿង​កើត​ទុក្ខ

​វា​​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ ហើយ​ស្ត្រេស​បន្ថែម​ទៀត។​ យល់​ល្អ​គួរ​មើល​រឿង​សប្បាយ​ៗ​​ ប្រសើរ​ជាង​​ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ហើយ​ក៏​ជួយ​កាត់​បន្ថយ​អារម្មណ៍​មួរម៉ៅ​ដែល​បណ្ដាល​មក​ពី​ការ​មក​រដូវ​ផងដែរ។

៣. អ្នក​អាច​ហាត់​ប្រាណ​​បាន​ធម្មតា​

មក​រដូវ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​គេង​លើ​គ្រែ​ លេង​ Facebook ឬ​ដេក​ស្ងៀម​នោះ​ទេ។​ អ្នក​អាច​ទៅ​ហាត់​ប្រាណ​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ខ្លះ​ទៀត​ផង។ អ្នក​គ្រាន់​តែ​ចៀស​វាង​ការ​ហាត់​បែប​ធ្ងន់ៗ ទៅ​បាន​ហើយ ព្រោះ​អំឡុង​ពេល​មក​រដូវ​អ្នក​មិន​គួរ​ធ្វើ​ការ​លីសែង និង​ប្រើ​កម្លាំង​ខ្លាំង​ពេក​នោះ​ទេ។

​​​​៤. ហាម​ប្រើ​សំឡី​តែ​មួយ​ពេញ​មួយ​ថ្ងៃ

​ត្រូវ​ផ្លាស់​ប្ដូរ​​ ៣ ទៅ​ ៦ ម៉ោង​ម្ដង ឬ​ឆាប់​ជាង​នេះ​​ពេល​មក​រដូវ។ ការ​មិន​ផ្លាស់​ប្ដូរ​សំឡី​នឹង​ធ្វើ​ឲ្យ​បាក់តេរី​បង្ក​ជា​ក្លិន​មិន​ល្អ​ ជា​ពិសេស​ពេល​អ្នក​បែក​ញើស។​ កុំ​ភ្លេច​ដាក់​សំឡី​នៅ​ក្នុង​កាបូប​ដើម្បី​ផ្លាស់​ប្ដូរ​ផង​ណា។

​៥.ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​ពេល​មាន​រឿង​ណាទាស់​ចិត្ត

​វា​ពិត​ណាស់​ថា​អ្នក​អាច​ពិបាក​គ្រប់​គ្រង​អារម្មណ៍ក្នុង​អំឡុង​ពេល​នេះ​ ​តែ​អ្នក​គួរ​ប្រាប់​ដៃ​គូ ឬ​អ្នក​ដែល​នៅ​ជិត​អ្នកតាម​សម្រួល​ថា​អ្នក​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ខ្លះ​។​ ​គួរ​បន្ធូរ​អារម្មណ៍​ដោយ​ការ​អាន​សៀវភៅ​ ​អាន​អត្ថបទ​សុខភាព​ ឬ​ស្វែង​រក​មើល​ម៉ូដ​សំលៀក​បំពាក់​ថ្មី​ៗ​ផ្សេង​ៗ​តាម​ចំណូល​ចិត្ត​។

កុំ​ព្យាយាម​ទន់ទោរ​ពេល​នៅ​ពេល​មក​រដូវ អ្នក​ត្រូវ​រហ័ស​រហូន ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ព្យាយាម​ធ្វើ​អី​ដែល​សប្បាយ​ចិត្ត។ បើ​មាន​អាការៈ​ឈឺចាប់​អី​នោះ​ បើ​អាច​អ្នកកុំ​ប្រើ​ថ្នាំ​អី​ល្អ​ជាង គួរ​តែ​សម្រួល​វា​តាម​រយៈ​ការ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​សម្រាក​យក​កម្លាំង​ឲ្យ​បាន​ច្រើន៕